របៀប តែងសេចក្ដី ប្រធានពន្យល់

តែងសេចក្ដី ប្រធានពន្យល់

អំពីការតែងសេចក្តីប្រធានពន្យល់

តើអ្វីជាប្រធានពន្យល់?

ប្រធានពន្យល់ជាប្រធានមួយ ដែលត្រូវឲពន្យល់បកស្រាយវែកញែក លើមតិរបស់ប្រធានបទ ធ្វើឲ្យគេ យល់ដឹងពីខ្លឹមសារប្រធាន។

លក្ខណៈសម្គាល់

ពាក្យចោទសួរ (តើ………………………. ?)

–          តើ…………………………………. ដូចម្តេច? (ដូចម្ដេចខ្លះ?)

–          តើ…………………………………. យ៉ាងណា? (យ៉ាងណាខ្លះ)

–          តើ…………………………………. បែបណា? (បែបណាខ្លះ?)

–          តើ…………………………………. អ្វីខ្លះ?

–          តើ…………………………………. ប៉ុន្មានយ៉ាង?

–          ដូចម្តេចដែលហៅថា…………. ?

–          តើ…………………………………. មានអត្ថន័យ និងខ្លឹមសារដូចម្ដេចខ្លះ?

បញ្ជាក់ៈ ក្នុងប្រធានបែបពន្យល់ គេមិនសួរដោយប្រើពាក្យថាអ្នកយល់” “ប្អូនយល់ទេ។

ពាក្យបង្គាប់បញ្ជា

–          ចូរពន្យល់។

–          ចូរអធិប្បាយ។

–          ចូរស្រាយបំភ្លឺ។

–          ចូរគូសបញ្ជាក់។

–          ចូរបង្ហាញ។

–          ចូរវិភាគ។

         ​-​គម្រោងតែង

សេចក្តីផ្ដើម

–          លំនាំបញ្ហា

–          ចំណូលបញ្ហា

–          ចំណោទបញ្ហា

តួសេចក្តី

–          ឃ្លាភ្ជាប់សេចក្តី

–          ពន្យល់ពាក្យ ឬកន្សោមពាក្យ

–          ពន្យល់ន័យរស់ប្រធាន (ន័យត្រង់ ន័យធៀប)

–          បកស្រាយមតិរបស់ប្រធានផ្សំនឹងឧទាហរ៍ក្នុងសង្គម ឬក្នុងអត្ថបទអក្សរសិល្ប៍

–          សរុបរួមនូវគំនិតសំខាន់ៗ

បញ្ចប់សេចក្តី

–          វាយតម្លៃប្រធាន

–          ឲ្យមតិផ្ទាល់ខ្លួន

ឧទាហរណ៍ទី១

         ស្នាដៃរបស់អ្នកនិពន្ធ សួន សុរិន្ទ ត្រង់វគ្គទី៨បានសរសេរថាអ្នកនយោបាយបោកប្រាស់ ចូរស្រាយបំភ្លឺ ដោយលើកយកខ្លឹមសារក្នុងរឿងមកបញ្ជាក់។ (រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់)

សេចក្តីអធិប្បាយ

សេចក្តីផ្ដើម

         ក្នុងសង្គមនយោបាយ គេតែងសង្កេតឃើញកន្លងមក មានអ្នកនយោបាយខ្លះក៏មានគំនិតស្នេហាជាតិពិតប្រាកដ ហើយខ្លះទៀតក៏មានគំនិតស្នេហាជាតិស្ទាក់ស្ទើរ ហើយក៏យកពាក្យស្នេហាជាតិទៅបោកប្រាសប្រជារាស្ត្រ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ដូចនេះហើយបានជានៅក្នុងអក្សរសិល្ប៍របស់អ្នកនិពន្ធ សួន សុរិន្ទ ត្រង់វគ្គទី៨ បានចែងថាអ្នកនយោបាយបោកប្រាស់

         តើមានកត្តាណាខ្លះសម្រាប់បញ្ជាក់សម្ដីនេះ?

តួសេចក្តី

         ជាបឋម ត្រូវយល់ន័យនៃពាក្យ នយោបាយ ជាមុនសិន។ ពាក្យនេះជានាម ជាភាសាបាលីដែលមកពីនយ+ឧបាយប្រែថា ឧបាយក្នុងការដឹកនាំ ឬមេគំនិតដែលគេផ្ដើមឡើងដើម្បីដឹកនាំជនដទៃឲ្យប្រព្រឹត្តទៅរកទិសដៅណាមួយ។

         អ្នកសិក្សា អ្នកអាន ស្គាល់ន័យនៃពាក្យ អ្នកនយោបាយបោកប្រាស់របស់អ្នកនិពន្ធសួន សុរិន្ទ គឺស្តែងឡើងតាមរយៈសមាគមកម្មករ សម ដែលសមបានផ្ដើរៀបចំឡើង។

         កត្តាដែលគួរឲ្យកត់សម្គាល់គឺ ចាប់ពីពេលដែលមានសមាគមសមកើតឡើង ពេលនោះមានអ្នកនយោបាយបោកប្រាស់ពីរបីនាក់ដែលមើលឃើញអនាគត បានចូលជ្រៀតជ្រែកសមាគមកម្មករនេះ ហើយជួយជាគំនិត និងប្រាក់កាសខ្លះៗដែររាប់ថាជានុយដ៏សំខាន់ សម្រាប់ទាក់ទាញទឹកចិត្តរបស់ពួកកម្មករជាសមាជិកនៃសមាគមនេះ ដើម្បីប្រយោជន៍ដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។

         ក្នុងចំណោមអ្នកនយោបាយទាំងនោះ មានអ្នកនយោបាយម្នាក់ឈ្មោះ យ៉េង និយាយនឹង សម បែបដូចកុកចាំសីល។ គេថាបើខ្ញុំបានជាប់ជាតំណាងរាស្រ្តនោះ សូមកុំភ័យឲ្យសោះ ខ្ញុំនឹងជួយពួកកម្មករឲ្យពេញសមត្ថភាព។ ខ្ញុំនឹងតវ៉ាឲ្យរដ្ឋាភិបាលជួយលើកស្ទួយឋានៈជីវភាពកម្មករឲ្យមានផ្ទះនៅ មានភ្លើង ទឹកម៉ាស៊ីន ប្រើប្រាស់ជាដើម។ សមនិងកម្មករបានជួយយ៉ាងពេញទំហឹង ធ្វើឲ្យអ្នកនយោបាយនោះជាប់ឆ្នោតជាសមាជិករដ្ឋសភាបានដូចបំណងមែន។ តែក្រោយមក តំណាងរាស្រ្តទាំងនោះ លែងមកជាន់សមាគមដើម្បីមើលការខុសត្រូវសួរសុខទុក្ខកម្មករទៀតឡើយ។

           ចំពោះសម្ដីលោក យ៉េង វិញពេលពឹងសម ហើយសន្យាជាមួយ សមថាៈលោកនឹងធ្វើជា  តំណាងអ្នកក្រ លោកនឹងជួយលើកស្ទួយជីវភាពអ្នកក្រ ហើយនឹងមិនភ្លេចគុណរហូតដល់ថ្ងៃស្លាប់ តែផ្ទុយទៅវិញ ពេល សម ខ្វះមធ្យោបាយបំពេញជីវភាព សមក៏បានទៅពឹងពាក់លោក យ៉េង ដោយគ្រាន់តែសុំជួលស៊ីក្លូមករត់ដោយមិនមានបង់ប្រាក់កក់ជាមុន គ្រាន់តែឮសូរថាគ្មានប្រាក់កក់ លោក យ៉េង ក្រ ក្លែងធ្វើជាមិនស្គាល់ សម លែងតាំងជាតំណាងអ្នកក្រទៀតហើយ ដោយលោកពោលថាៈ នៅពេលដែលគ្នាបានធ្វើតំណាងរាស្រ្ដហើយ គ្នាក៏បានតបស្នងសងគុណអ្នកទាំងនោះ ដោយការឲ្យប្រាក់កាសម្នាក់ៗពីរបីរយរៀលរួចទៅហើយ មិនត្រឹមតែប៉ុណ្ណោះ អ្នកនយោបាយ យ៉េង មានកំហឹងនឹង សម ដោយ សម រំឭកបើកកកាយពីកិច្ចការទាំងឡាយដែលខ្លូនបានខំជួយលោក យ៉េង ពីពេលកន្លងមក ចំណុចមួយទៀតលោក យ៉េង រឹតតែឃោរឃៅ គឺបានបណ្ដេញ សម ចេញ ព្រមទាំងកំហកឲ្យសមយ៉ាងខ្លាំងថាៈបើឯងនៅតែហ៊ាននិយាយដាក់គ្នាអញ្ចឹងទៀត គ្នានឹងហៅមនុស្សម្នាររបស់គ្នាឲ្យមកចាត់ការនឹងឯងឥឡូវហ្នឹងឯងដឹងទេថា ខណៈនេះឯងមានកំហុសយ៉ាងធ្ងន់ ក្នុងឋានៈឯងមករុករានទន្ទ្រានប្រមាថមើល ប្រយ័ត្នគ្នាហៅប៉ូលីស ឲ្យមកធ្វើសរសៃឲ្យវ៉ើយ កុំនិយាយរបៀបហ្នឹងទៀត និយាយមិនទាន់ផុតផងលោក យ៉េង តំណាងអ្នកក្រក៏ឡើងទៅលើផ្ទះរបស់គាត់ដោយក្ដីមួម៉ៅ។

         សរុបសេចក្តីមក ទាំងពាក្យសម្ដី ទាំងសកម្មភាព ពីពេលមុនបោះឆ្នោត និងពេលដែលខ្លួនបានជាប់ឆ្នោតរបស់អ្នកនយោបាយទាំងនោះមានលោក យ៉េង ជាតំណាងបានបញ្ជាក់ឲ្យឃើញថា អ្នកទាំងនោះ សុទ្ធតែជាអ្នកនយោបាយបោកប្រាស់ ព្រោះមានចិត្តជាទេវត្ត មាត់ជាទេវតា គឺ ធ្វើល្អដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

បញ្ចប់សេចក្តី

         ឆ្លងតាមការធ្វើអត្ថាធិប្បាយមកនេះ អាចវាយតម្លៃយ៉ាងច្បាស់ថា កត្តាដែលបានលើកមកបញ្ជាក់រួចមកហើយ ពិតជាឆ្លុះបញ្ចាំង និងវែកមុខមាត់អាក្រក់ និងអំពើឃោរឃៅ និងចិត្តគំនិតបោកប្រាស់នៃអ្នកនយោបាយមែន។ បើដូចនេះ រាស្រ្តដែលមានកាតព្វកិច្ចត្រូវបោះឆ្នោត ត្រូវតែក្រេបជញ្ជក់នូវខ្លឹមសារស្នាដៃរបស់អ្នកនិពន្ធ សួន សុរិន្ទ នេះទុកជាត្រីវិស័យ ព្រោះជាអាយុជីវិតរបស់ខ្លួនផង របស់ស្រុកទេសផង។

————————————————————-

ឧទហរណ៍ទី២

គ្រប់អក្សរសិល្ប៍ទាំងអស់គឺជាមធ្យោបាយដ៏សំខាន់ក្នុងការអប់រំទូន្មាន ចូរស្រាយបញ្ជាក់ មតិខាងលើនេះ

សេចកី្តអធិប្បាយ

            អក្សរសិល្ប៍ជាកំរងអត្ថបទ ដែលកវីនិពន្ធបានតាក់តែងឡើងមានជាពាក្យរាយ និងជាពាក្យកាព្យ ព្រម ទាំងបានលើកយកពីបញ្ហាមនុស្សក្នុងសង្គមកាលនីមួយៗ មកចោទនិងបង្ហាញ រួចធើ្វការដោះស្រាយទៅតាម គំនិតរបស់ខ្លួន ហេតុនេះបានជាគេចាត់ទុកគ្រប់អក្សរសិល្ប៍ទាំងអស់គឺជាមធ្យោបាយដ៏សំខាន់ក្នុងការអប់រំ ទូន្មាន

            តើមតិខាងលើបានអប់រំទូន្មានដូចម្តេចខ្លះ ?

            ដើម្បីជាជំនួយក្នុងការធ្វើដំណោះស្រាយបញ្ហាខាងលើឲបានសីជុំរៅត្រូវយល់ន័យអក្សរសិល្្ប៍និងការអប់រំទូន្មានជាមុនសិន។ អក្សរសិល្ប៍ជាវិជ្ជាស្យង់ ដែលចោទនឹងដោះស្រាយបញ្ហាមនុស្សដោយសិល្ប៍វិធី ទៅតាមសង្គមនីមួយៗ ( របស់កេងវ៉ាន់សាក់ ) រឺអែ ការអប់រំទូន្មានគឺការនែនាំប្រដៅមនុស្សឲអនុវត្តផ្លូវល្អ

            អក្សរសិល្ប៍គ្រប់ប្រភេទោះរឿងព្រេងក្តី បុរាណក្តី ទំនើបកី្ត ពុំមែនគ្រាន់តែសំរាប់ការអានកំសាន្ត បណ្តែតអារម្មណ៍ រឺ កំដរ កែអផ្សុកប៉ុណ្ណោះទេ តែវាមានតួនាទីសំរាប់អប់រំទូន្មានផ្តល់បទពិសោធជាច្រើន ដល់អ្នកអាន អ្នកស្តាប់ផងដែរ ម្យ៉ាងទៀតកាលណាគេអានរឿង គេស្តាប់រឿង រមែងតែងតែមានអារម្មណ៍ ប្លែកៗ ទៅតាមចលនារឿង នៃសកម្មភាពតួអង្គនីមួយៗ

            ក្នុងរឿងព្រេងប្រជាប្រិយ ដូចជារឿងចចកអប់រំមនុស្សពីរពួក គឺពួកអាងកំលាំង និងអំណាចរំលោភជិះ ជាន់គេ ពួកកំពឹសនៅពេលគ្រោះមរណះមកដល់គេមិនបណ្តោយខ្លួនទៅតាមយថាកម្មឡើយ ដោយអស់ សង្ឃឹមនោះទេ គឺត្រូវប្រើប្រាជ្ញាដើម្បីរំដោះខ្លួន ត្រីក្រាញ់គំរូតស៊ូអង់អាចក្លាហាន ហ៊ានធ្វើពលីកម្មដើម្បីបុព្វ ហេតុជីវិតសមូហភាព នេះជាមេរៀនជីវិតសំរាប់អ្នកទន់ខ្សោយ ចំពោះអ្នកខ្លាំងពូកែត្រូវចៀសវាងការជិះ ជាន់គេ ព្រោះជាហេតុនាំមកនូវការគ្រោះថ្នាក់ដូចពួកចចក រឿងធនញ្ជ័យបានអប់រំនែនាំសេដី្ឋកុំឲជិះជាន់ កេងប្រវញ្ច័គេ ចំពោះនាមឺនមន្រ្តីកុំឲមើលងាយប្រជាជនក្រខ្សត់ ចំនែកប្រជាកសិករបានអប់រំឲហ៊ានតស៊ូ រើបំរាស់ ជាពិសេសបានអប់រំនែនាំអ្នកដឹកនាំប្រទេសឲដឹងថាកំលាំងការពារ និងការសាងប្រទេសគឺប្រជាជន ដូច្នេះក្នុងអក្សសិល្ប៍ប្រជាប្រិយ៍ បានអប់រំបង្ហាញឲឃើញពីការជិះជាន់ កេងប្រវញ្ចពីអ្នកមានអំណាច មកលើ អ្នកទន់ខ្សោយ និងបង្ហាញពីកំលាំងប្រជាជនជាកំលាំងដ៏រឹងមាំរបស់ប្រទេសជាតិ

            រឿងបុរាណក៏បានផ្តល់មេរៀនល្អៗសំរាប់យើងរៀនសូត្រតាមដែរ ដូចជារឿងមាយើង គឺចៅមាណព បានធ្វើតាមពាក្យរបស់ប្រពន្ធគ្រប់លក្ខណ៍នាំឲមានឋានះជាមាយើង ព្រោះខ្មែរឲតំលៃថាសំណាបយោងដី ស្រ្តីយោងប្រុសចំណែកច្បាប់ផ្សេងៗបានអប់រំ គ្រប់ផ្នែកតាំងពីសីលធម៌ រស់នៅ ទាំងពីពលកម្ម ដូចច្បាប់កេរ កាលថី្មរបស់ក្រមង៉ុយបានពោលថាកុំដេកចាំសំណាង កុំកេ្អងក្អាងចាំបុព្វេ ខំរកកុំទំនេរ រេរៀនរិះចេះឲគ្រប់ ដូចនេះក្នុងអក្សរសិល្ប៍បុរាណបានអប់រំបង្ហាញពីតំលៃរបស់នារី ព្រមទាំង អប់រំបណ្តុះស្មារតី ខិតខំរក ខំរៀន កុំឲដេកចំាព្រេងវាសនា

            រីអែរឿងទំនើប មានរឿងសឹមអ្នកបរឡាន បានអប់រំយើងឲឃើញពីទុក្ខវេទនារបស់កម្មករមកពីនាយ ទុនកេងប្រវញ្ច គឺមិនមែនមកពីព្រេងវាសនាទេ ថែមទាំងបានអប់រំបំផុសកម្មករ កសិករឲយល់ដឹងតំលៃនៃ វិជ្ជា ដោយឲកម្មករខិតខំរៀនសូត្រនៅពេលទំនេរ និងបានបង្កើតសមាគមសហជីព ចំណែករឿងកុលាបបៃ លិន បានអប់រំមនុស្សឲមានចិត្ត អំណត់តស៊ូព្យាយាមធ្វើអំពើល្អ ព្រមទាំងបានបង្ហាញពីសេចកី្តសេ្នហាគ្មាន បែងចែកវណ្ណះ ហើយនិងអ្នកសាងបុណ្យបានបុណ្យ អ្នកសាងបាបបានបាប ដូច្នេះអក្សរសិល្ប៍ទំនើបក៏បាន អប់រំយើង ឲស្រលាញ់ចំនេះដឹង កុំជឿលើអបីជំនឿ ថែមទាំងឲមានចិត្តតស៊ូក្នុងជីវិតទៀតផង

            សរុបសេចក្តីមកការអប់រំក្នុងអក្សរសិល្ប៍ បានបង្ហាញយើងឲឃើញនូវអំពើអាក្រក់ និងអំពើល្អ មួយចំ ណែកទៀតអប់រំឲយើងស្អប់និងចៀសវាង ជឿលើអបីយជំនឿ ព្រមទាំងឲខិតខំរៀនសូត្រ

            តាមការបកស្រាយខាងលើមកបង្ហាញឲឃើញថា អក្សរសិល្ប៍ជាមធ្យោបាយក្នុងការអប់រំទូន្មានល្អៗ ទាំងអស់ តាំងពីអក្សរសិល្ប៍ប្រជាប្រិយ បុរាណ និងទំនើប ព្រមទាំងបង្ហាញនូវអត្ថប្រយោជន៍ល្អ ជាបទពិសោធក្នុងជីវិតទៀតផង ដូចនេះយើងជាកុលបុត្រកុលធីតា ត្រូវខិតខំស្រង់យកបទពិសោធល្អក្នុង អក្សរសិល្ប៍ទុកជាផ្លូវសំរាបអនុវត្ត

ឧទហរណ៍ទី៣

ប្រធានះ មានទស្សនះមួយបានចែងថាទីណាមានការជិះជាន់ ទីនោះមានការរើបំរះ

ចូរពន្យល់ដោយលើកយកអំណះអំណាងក្នុងរឿង ភូមិតិរច្ឆាន និងគូលីកំណែនមកបញ្ជាក់

អត្ថាធិប្បាយ

            មនុស្សគ្រប់រូប គ្រប់ជនជាតិទាំងអស់ ទោះប្រុសកី្ត ស្រីកី្តម្នាក់ៗសុទ្ធតែស្រលាញ់នូវសេរីភាព និងយុតិ្តធម៌ ហើយស្អប់ខ្ពើមនូវអំពើគាបសង្កត់កេងប្រវញ្ច បើមានសកម្មភាពបែបនេះគេម្នាក់ៗច្បាស់ជាប្រឆាំងតបវិញ អាស្រ័យដូចនេះហើយបានមានទស្សនះមួយនិយាយថាទីណាមានការជិះជាន់ ទីនោះមានការរើបំរះ

           តើទស្សនះបែបនេះមានអត្ថន័យដូចម្តេច?

           ដើម្បីជាត្រីវិស័យក្នុងការតំរង់ទិស ដំណោះស្រាយបញ្ហាខាងលើ ឲបានសីជុំរៅនោះ យើងត្រូវយល់ខ្លឹម សាររបស់ពាក្យការជិះជាន់ និងការរើបំរះជាមុនសិន ការជិះជាន់គឺជាការគាបសង្កត់កេងប្រវញ្ច អែការ រើបំរះ គឺជាការងើបឡើងប្រឆាំងតបតវិញ

          ទីណាមានការជិះជាន់ គឺជាកន្លែងដែលមានសកម្មភាពគាបសង្កត់កេងប្រវញ្ច ប្រកបដោយអយុត្តិធម៌ និងគ្មានមនុស្សធម៌ក្នុងខ្លួន អំពើបែបនេះហើយដែលបង្កឲមានកំហឹងពុះពោរផ្ទុកក្នុងខ្លួនម្នាក់ៗ គឺជាហេតុ មួយជំរុញឲមានកំលាំងចិត្តកញ្ជ្រោលមិនខ្លាចស្លាប់ មិនខ្លាចអី្វៗទាំងអស់ ហើយហ៊ានរើបំរះ ស្ទុះឡើងប្រឆាំង តបតវិញដោយគា្មនញញើត ប្រៀបាននឹងបន្ទុះភំ្នភ្លើងដែលកំពុងផ្ទុះឡើង

         ជាក់ស្តែងក្នុងរឿងភូមិតិរច្ឆាន អ្នកនិពន្ធបានបង្ហាញគំនាបរបស់អាណានិគមនិយមបារាំង មកលើរាស្ត្រ ខែ្មរ ដូចជាលោក កូ មៃ ជាអភិរក្សនៅអង្គរ បានគាបសង្កត់កេងប្រវញ្ចលើកំលាំងញើសឈាមរបស់ពលករ ម្យ៉ាងទៀតរដ្ឋាភិបាលបារាំង បានចាត់លោក បារ ដេស គ្រប់គ្រងខេត្តកំពង់ឆ្នាំង ដោយលោកមិនទុកចិត្ត លោកមេឃុំបាល់ ក៏ចេញទៅទារពន្ធខ្លួនអែងនៅភូមិក្រាំងលាវ លោកបារដេសប្រើវិធីគាបសង្កត់ក្នុងការទា ពន្ធ គឺអ្នកគ្មានលុយបង់ត្រូវដាក់ខ្នោះ មិនត្រឹមតែបារាំងទេដែលធ្វើបាបអ្នកស្រុក សូម្បីតែកងរក្សាស្រុកខេត្ត ក៏ដេញវាយ ដេញបាញ់ ដេញចាប់ដែរ រីអែប៉ូលីសខេត្តកំពង់ឆ្នាំងដេញសុវណ្ណ និងអ្នកប៊ុត មិនឲលក់ឆ្នាំង ជាដើម ជាពិសេសរដ្ឋអំណាចបានប្តូរឈ្មោះភូមិក្រាំងលាវ ជាភូមិតិរច្ឆាន ព្រមទាំងឲអ្នកភូមិទាំងអស់កាន់ កាតអ្នកទោស និងដាក់បញ្ញតិ្តឲអ្នកស្រុកសង់ចេតិយ ព្រមទាំងនិមន្តព្រះសង្ឃធ្វើបុណ្យរាល់ឆ្នាំ ដោយអំពើ អមនុស្សធម៌ និងអយុតិ្តធម៌បែបនេះហើយ នាំឲរាស្រ្តនៅមុខកំពូលធ្វើបាតុកម្ម ថ្លែងញត្តិថ្វាយស្តេច សីសុវត្តិ សុំឲបារាំងបន្ធូរបន្ថយពន្ធដារ ចំនែកនៅភូមិក្រាំងលាវវិញ ធ្វើឲ ជួន នៅ នាងនី នាងប៊ី ព្រមទាំងក្រុមបក្សពួក រួមអាវុធ និងបងប្អូនភូមិក្រាំងលាវមួយចំនួន ទប់កំហឹងមិនបានរហូតដល់ធ្វើជាបាតុកម្មសំលាប់បាដេស ដូច នេះកន្លែងណាដែលមានការគាបសង្កត់ កន្លែងនោះតែងមានការប្រឆាំងតបតវិញជាមិនខាន

          ក្នុងរឿងគូលីកំនែនវិញ អ្នកនិពន្ធបានបង្ហាញពីគំនាបជប៉ុន និងរដ្ឋអំណាចខ្ែ្មរខ្លះដូចជា មេឃុំផាន់ ដែលធ្វើមកលើប្រជារាស្រ្តខ្មែរ ជាតួយ៉ាង លឹម សល់មួយខែទៀត ត្រូវរៀបការ ក៏មេឃុំផាន់គ្មានអនុគ្រោះក្នុង រឿជាប់កំនែនដែរ ចៅហ្វាយស្រុកនឹងមេឃុំផាន់ បានប្រើល្បិចពិលពលគាបសង្កត់មកលើនាង ហេង និង អ្នកភូមិស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រឺអែ នាយនូ ដូង និង មឺង ត្រូវស្ថិតនៅក្រោមរបបគ្រប់គ្រងខ្មែរ និង បារាំង ចំណែកពួកអ្នកមានដូចជា អុង ប៉ាងថាវ បានរឹបអូសទ្រព្យសម្បត្តិ ផ្ទះសំបែងគ្រួសារលឹម ជាពិសេស ពួកក្រុមកំណែននៅពោធិចិនតុង ត្រូវពួកកាប៉ូរ៉ាល់ និងទាហានជប៉ុន គាបសង្កត់គ្រប់ផ្នែក ក្រោយពីលឹមត្រ ឡប់ពីកំនែនវិញត្រូវបាត់បង់អី្វៗទាំងអស់ មានឪពុកម្តាយ គូសង្សា និងទ្រព្យសម្បត្តិ អំពើទាំងអស់នេះហើយ ជាហេតុធ្វើឲ លឹមចាកចេញពីស្រុកទៅរួបរួមកំលាំងជាមួយនូដូង ព្រមទាំងប្រជារាស្រ្តនៅស្វាយដូនកែវ ចេញ តស៊ូប្រឆាំងបារាំងទាល់តែទទួលបានជោគជ័យ គឺដណ្តើមបានអែករាជ្យជូនមាតុភូមិ ដូចនេះទីណាមានការ ជិះជាន់ទីនោះក៏មានការតស៊ូប្រឆាំងដែរ

          សរុបសេចកី្តទៅទីកន្លែងដែលមានបញ្ហាធ្វើបាបគាបសង្កត់ជិះជាន់មកលើខ្លួនឲមានការរងទុក្ខទោស ដោយអំពើអយុត្តិធម៌ ជាហេតុមួយធ្វើឲមានប្រតិកម្មតបវិញជាមិនខាន

          តាមការបកស្រាយខាងលើបង្ហាញឲឃើញថា ទីកន្លែងណាដែលមានការជិះជាន់ ទីនោះមានការរើបំរះ ជារឿងពិតប្រាកដ ព្រោះថាមនុស្សម្នាក់ៗមិនអាចទ្រាំទ្រនឹងគំនាប ជិះជាន់អយុតិ្តធម៌ និងគ្មានមនុស្សធម៌បាន ទេ ដូចនេះហើយបានជាប្រជារាស្រ្តនិងកម្មករក្នុងរឿភូមិតិរច្ឆាន ហើយនិងរឿគូលីកំនែន បង្ហាញយើងឲ ឃើញថា ប្រជារាស្រ្តដែលងើបប្រឆាំងនឹងអាណានិគមមកពីទ្រាំទ្រនឹងអំពើជិះជាន់មិនបាន