ប្រធានពិភាក្សា

ប្រធាន៖ មតិ​មួយ​ពោល​ថា “នាង​ហេង​ក្នុង​រឿង​គូលី​កំនែន និង​នាង​ទាវ​ក្នុង​រឿង​ទុំ​ទាវ ​សុទ្ធ​តែ​បាន​សម្រេច​ចិត្ត​ខុស ក្នុង​ការ​ជ្រើស​រើស​គូស្រករ”។ តើ​មតិ​នេះ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? ចូរ​ពិភាក្សា។

សេចក្ដីអធិប្បាយ

          ធម្ម​​ជាតិ​បាន​តាក់​តែង​ជីវិត​មនុស្ស​មក​ឲ្យ​មាន​ប្រុស​ស្រី​ជា​គូស្រករ​នឹង​គ្នា​។ ប៉ុន្តែ​ជីវិត ​គូ​ស្នេហ៍​ទាំងអស់ មិន​មែន​សុទ្ធ​តែ​ជោគ​ជ័យ​គ្រប់​ៗគ្នា​នោះ​ទេ។ យ៉ាង​ណា​មិញ​នៅ​ក្នុង​វណ្ណ​កម្ម​អក្សរ​សិល្ប៍​ខ្មែរ​រឿង​គូលី​កំនែន​របស់ លោក​អ៊ឹម ថុក និង​រឿង​ទុំទាវ​របស់​ភិក្ខុ​សោម តួ​អង្គ​ឯក​នៃ​រឿង​ទាំង​ពីរ​ត្រូវ​ស្លាប់​យ៉ាង​អណោច​អធម​។​ការ​ស្លាប់​របស់​តួ​អង្គ​ឯក​ទាំងពីរ​នេះ​ត្រូវ​បាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា នាងហេង​ក្នុង​រឿង​គូលី​កំនែន និង​នាង​ទាវ​ក្នុង​រឿង ​ទុំទាវ ​សុទ្ធ​តែ​បាន​សម្រេច​ចិត្ត​ខុស ក្នុង​ការ​ជ្រើស​រើស​គូស្រករ”។ តើ​មតិ​ដែល​បាន​ពោល​ខាង​លើ​នេះ​ត្រឹម​ត្រូវ​ដែរ ​ឬ​ទេ?

          មុន​នឹង​អធិ​ប្បាយ​វែក​ញែក​សេចក្តី​របស់​ប្រធាន​ឲ្យ​បាន​ត្រឹម​ត្រូវ សម​ហេតុ​ផល​ជា​បឋម​យើង​ត្រូវ​យល់ នូវ ពាក្យ​គន្លឺះ​របស់​ប្រធាន​ជា​មុន​សិន។ ​“សម្រេច​ចិត្ត​ខុស” មាន​ន័យ​ថា​ទទួល​យក​ភាព​មិន​ត្រឹម​ត្រូវ មិន​បាន​គិត ពិចារណា​ឲ្យ​បាន​ស៊ី​ជម្រៅ​មុន​នឹង​ទទួល​យក​អ្វីមួយ។ “គូស្រករ” គឺ​សំដៅ​ដល់​ប្តីប្រពន្ធ ឬ​គូស្វាមី​ភរិយា​ដែល​មាន​អាយុ ប្រហាក់​ប្រហែល​គ្នា ឬ​ស្របាលៗគ្នា។

           អត្ថន័យ​របស់​ប្រធាន​ចង់​និយាយ​ថា​នាង​ហេង​និង​នាង​ទាវ សុទ្ធ​តែ​ទទួល​យក​ប្តីខុស ព្រោះ​មិន​បាន​គិត ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ ទើប​ណ្តាល​ឲ្យ​​ស្លាប់​ខ្លួន។ ជា​​ដំបូង​យើង​ពិនិត្យ​លើ​ដំណើរ​រឿង​គូលី​កំនែន​របស់​លោក​អ៊ឹម ថុក យើង​ឃើញ​យ៉ាង​ប្រត្យក្ស​ថាប្រទេស កម្ពុជា​សម័យ​នោះ​ស្ថិត​ក្រោម​នឹម​ត្រួត​ត្រា​របស់​ពួក​បារាំង-ជប៉ុន។ប្រជា​រាស្រ្ត​រង​ទុក្ខ​វេទនា ខ្វះ​ស្បៀង​អាហារ​និង ជាប់​កំនែន។ ពួក​អ្នក​មាន​អំណាច​អែប​អប​មួយ​ចំនួន​ឆ្លៀត​ឱកាស​ជិៈ​ជាន់​ជញ្ជក់​ឈាម​រាស្រ្ត ថែម​ទាំង​ពុក​រលួយស៊ី សំណូក​កេង​ប្រវញ្ច័​ទ្រព្យ​សម្បតិ្ត​យ៉ាង​អនាបតេយ្យ។ នាង​ហេង​គឺ​ជា​តួអង្គ​នៅ​ក្នុង​គ្រួសារ​កសិករ​ក្រី​ក្រដែល​មាន ឪពុក​ឈ្មោះ​ពូ​ស្វាយ និង​ម្តាយ​ឈ្មោះ​មីងពត។ គ្រួសារ​នាង​ហេង​រស់​នៅ​ដោយ​សភាព​ភ័យ​ខ្លាច​ដូច​កសិករ​ទូទៅ ដែរ។
ក្នុង​គ្រា​ដ៏​លំបាក​នេះ នាង​ហេង​ត្រូវ​បាន​លោក​មេឃុំ​ផាន់​មក​ចែ​ចូវ​ស្តី​ដណ្តឹង​ផ្គាប់​ផ្គុនលោក​ចៅ​ហ្វាយ ស្រុក​ដោយ​ឲ្យ​ជំនូន​ជា​ច្រើន។ ស្ថិត​ក្នុង​ស្ថានភាព​ដ៏​សែន​លំបាក​បែប​នេះ​គួរ​ណាស់​តែ​នាងហេង​ទទួល​យក​ជំនូន​ដ៏ ច្រើន​នេះ ហើយ​សុខ​ចិត្ត​ធ្វើ​ប្រពន្ធ​ចុង​លោក​ចៅ​ហ្វាយ​ស្រុក ដើម្បី​ឲ្យ​គ្រួសារ​នាង​រស់​នៅ​បាន​ស្រួល​។​តែផ្ទុយ ទៅ​វិ​ញ​នាង​បែរ​ជា​បដិ​សេធ​បំណង​ល្អ​របស់​លោក​មេឃុំ ព្រោះ​ប្រកាន់​ខ្ជាប់​នូវ​ស្នេហា​ភក្តី​ភាព​ជា​មួយ​កំលោះ​លឹម ដែល​កំពុង​ជាប់​កំនែន​នៅ​ពោធិ៍ចិនតុង ហើយ​ជា​អ្នក​ក្រីក្រ​តោកយ៉ាក។នេះ​គេ​ហៅ​ថា​ជា​ស្រី​ល្ងង់ ចោល​អង្ករ​ស្រវា យក​អង្កាម ដោយ​សំលឹង​ឃើញ​​តែពីភាព​ស្មោះត្រង់ គ្មាន​កោះ​ត្រើយ​របស់​លឹម​បន្តិច​នោះ។ នាង​មិន​ព្រម​គិតថាលឹម​ក្រ​គ្មាន​អំណាច​បុណ្យ​សក្តិ​ដូច​លោក​ចៅ​ហ្វាយ​ហ្នឹង​ហើយ​ទើប​ធ្វើឲ្យ​នាង​រង​គ្រោះ​រស់​នៅ​លំបាក​វេទនា និង​គ្មាន សមត្ថ​ភាព​អ្វី​ការ​ពារ​នាង​បាន​ឡើយ។ ពេល​នោះ​បើ​សិន​ជា​នាង​ជ្រើស​រើស​លោក​ចៅ​ហ្វាយ​ស្រុក នាង​និង​ក្រុម គ្រួសារ​ក៏​មិន​ពិបាក​រត់​គេច​រហូត​ដល់​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អណោច​អធម​ដែរ​។ បើសិន​ជា​ស្រ្តី​ផ្សេង​វិញ​ប្រហែល ជា​ជ្រើស​រើស​យក​លោក​ចៅ​ហ្វាយ​ស្រុក​បាត់​ទៅ​ហើយ មិន​ល្ងង់ស៊ីស្មោះត្រង់នោះទេ។ ឯនាងទាវនៅក្នុងរឿង ទុំទាវ​របស់​ភិក្ខុ​សោម​វិញ​ក៏​អីចឹង​ដែរ នាងមិនយល់ពីកាលៈ​ទេសៈ​សង្គម​នា​ពេល​នោះ​សោះ សម័យ​នោះ​គេ​ឲ្យ​តម្លៃ តែ​លើ​មាស​ប្រាក់​បុណ្យ​សក្តិ អំណាច​ដើម្បី​បំពេញ​តាម​ចំណង់​បញ្ហា​របស់​ពួក​គេ។នាង​ទាវ​បែរ​ជា​ទៅ​ស្មោះ​ស្ម័គ្រ​ជា មួយ​ទុំ​ដែល​ជា​មនុស្ស​ក្រី​ក្រ​ខ្ចាត់​ព្រាត់​គ្មាន​បុណ្យ​សក្តិ​និង​អំណាច​អ្វី​បន្តិច​សោះ។ ជាង​នេះ​ទៅ​ទៀត​ទុំ​មិន​បាន​យក ចាស់​ទុំ​មក​ស្តី​ដណ្តឹង​ទាវ​តាម​ប្រពៃណី​ផង ទាវ​បែរ​ជា​ហ៊ាន​ប្រគល់​ប្រាណ(​ទុំមុន​ស្រគាល) ភ្លេច​​​គិត​​​ដល់​ប្រពៃណី​ អស់​រលីង។ កាល​នោះ​បើ​នាង​ទាវ​សុខ​ចិត្ត​ធ្វើ​ស្នំ​ឯក​របស់​ស្តេច​ឬ​ធ្វើ​ប្រពន្ធ​របស់​ម៉ឺន​ងួន នាង​ក៏​មិន​មាន​គ្រោះ​ថ្នាក់​អាក្រក់ ទាល់​តែ​បាត់​បង់​ជីវិត​យ៉ាង​ដូច្នោះ​ដែរ។

               សរុប​សេចក្តី​មក​តាម​ការ​បក​ស្រាយ​ត្រួសៗ​នូវ​សកម្មភាព​របស់​តួអង្គ​ទាំង​ពីរ​នេះ​សរបញ្ជាក់​ថានាង​ទាំង​ពីរ​ស្លាប់​គឺ​បណ្តាល​មក​ពី​ការ​សម្រេច​ចិត្ត​ខុស​ក្នុង​ការ​រើស​គូ​ស្រករ​នេះ​តែម្តង។
តើ​ទង្វើ​របស់​នាង​ហេង​និង​នាង​ទាវ​ជា​ការ​សម្រេច​ចិត្ត​ខុស​ឬ​យ៉ាង​ណា?

               មនុស្ស​កើត​មក​មាន​សិទ្ធ​សេរីភាពរៀងៗ​ខ្លួន​យ៉ាង​ណា​មិញ​នាង​ហេង​និង​ នាង​ទាវ​ក៏​មាន​សិទ្ធិ​របស់​នាង​ដែរ។ ចំពោះ​នាង​ហេង​ជា​ស្រី​ក្រមុំ​ម្នាក់​តំណាង​ឲ្យ​ស្រ្តី​ទូទៅ​នាសម័យ​នោះ​ដែល​មាន​គំនិត​ជឿន​លឿន ពោល​គឺនាង មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ជ្រើស​រើស​គូ​ស្រករ​របស់​ខ្លួន​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ។ ម្យ៉ាង​ទៀត​នាង​ហេង​និង​លឹម មាន​វ័យ​ប្រហាក់​ប្រហែល​គ្នា​ព្រម​ទាំង​បាន​ស្វែង​យល់​ចិត្ត​គ្នា​អស់​រយៈ​ពេល​ជា​យូរ​ខណៈ​ដែល​លឹម​មក​បម្រើ​ផ្ទះ​នាង។ ដូច្នេះ​នាង​បាន​ដឹង​ពី​សកម្មភាព​និង​ទឹក​ចិត្ត​របស់​លឹម​ថា​នាង​អាច​ផ្ញើ​វាសនា​ជា​មួយ​បាន​ ម្យ៉ាង​លឹម​ក៏​មាន ចំណេះ​ដឹង​ទាំង​ផ្លូវ​ធម៌​និង​ផ្លូវ​លោក ចេះ​ដឹង​ការ​រាក់​ជ្រៅ​ផង​ដែរ។ មួយ​វិញ​ទៀត​ស្នេហា​នាង​និង​លឹម​មាន​ការ​ជួយ ជ្រោម​ជ្រែង​ពី​ឪពុក​ម្តាយ​ទាំង​សង​ខាង គឺ​ម្តាយ​ទុក​ឪពុក​ដាក់​ដោយ​ការ​ពេញ​ចិត្ត​រៀងៗ ខ្លួន​គ្មាន​អ្នក​ណា​បង្ខំ​ ចិត្ត​ ទេ ។ ចំនុច​មួយ​ទៀត​ដែរ​នាង​ហេង​សម្រេច​ចិត្ត​ជ្រើស​យក​លឹម​គឺ​មក​ពី​លឹម​មាន​សីលធម៌​ល្អ មាន​ភក្តី​ភាព ចំពោះ​ ស្នហា ព្រម​ទាំង​មាន​គំនិត​ជឿន​លឿន​ខិត​ខំធ្វើ​ការ​ដោយ​មិន​ផ្តេក​ផ្តួល​លើ​ព្រេង​វាសនា។

              រីឯ​នាង​ទាវ​ឯណោះ​វិញ​ក៏​ដូច​គ្នា នាង​ចង់​តស៊ូវណ្ណ ​ប្រពៃណី​រឹងត្អឹង “នំ​មិនធំជាវនាឡិ”។ នាង​ចង់មាន សេរី​ភាព​ជ្រើស​រើស​គូស្រករ​ទៅ​តាម​សិទ្ធ​ទៅតាម​ការពេញចិត្ត​របស់ខ្លួន ព្រោះ​ជា​មនុស្ស​ម្នាក់​ដូច​គេ​ដែរ។ ដូចនេះ នាង​គឺ​ជាម្ចាស់​លើ​វាសនា​ខ្លួន​ឯង។ ម្យ៉ាង​ទៀត​អ្វី​ដែល​ជំរុញ​ឲ្យ​នាង​សុខ​ចិត្ត​ស្រលាញ់​ទុំ​នោះ ក៏​ព្រោះ​តែ​អ្នក​តែពី រ មាន​វ័យ​ប្រហាក់​ប្រហែល​គ្នា នៅ​កម្លោះ​ក្រមុំ​ដូចគ្នា ហើយ​ទុំ​ទៀត​សោត​ក៏​មាន​សំលេង​វោហារ​ពិរោះៗ រហូត​ក្លាយ ជា​ម៉ឺនឯក​ប្រចាំ​រាជវាំង​និង​មាន​វិជ្ជា​ជីវៈចេះ​ធ្វើ​តោក​លក់។ ក្រៅ​ពី​មាន​រូប​សម្បត្តិ​ពី​ធម្ម​ជាតិ​និង​មាន​ស្នេហា​ស្មោះ ត្រង់​ទុំ​នៅ​មាន​លក្ខណៈ​ពីសេស​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ទាវ​រំភើប​ហើយ​ស្រលាញ់​ទុំ​កាន់​តែ​ខ្លាំង​នោះ​គឺ​ទុំ​ក្លាហាន​មិន​ខ្លាច​ស្លាប់​ហ៊ាន​សារ​ភាព​ការ​ពិត​នៅ​ចំពោះ​ព្រះ​ភក្រ្ត័​ព្រះ​រាមា។

                 សរុប​សេចក្តី​ទៅ​ការ​សម្រេច​ចិត្ត​របស់​នាង​ហេង​និង​នាង​ទាវ​នេះ គឺ​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ខុស​ឡើយ ពោល​គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​ផុស​ចេញ​ពី​ទឹក​ចិត្ត​ស្មោះ​សររៀង​ៗខ្លូន​។

                ឆ្លង​តាម​ការបក​ស្រាយ​វែក​ញែក​នូវ​មតិ​ទាំងពីរ​ខាង​លើនេះ​យើង​ឃើញ​ថា មតិទីមួយមិនត្រឹមត្រូវទេ គឺ​នាង ហេងនិងនាងទាវសុទ្ធតែសម្រេចចិត្តត្រឹម​ត្រូវទៅតាមសិទ្ធិក្នុងការជ្រើសរើសគូស្រកររបស់ខ្លួន។ ឯ​ការ​​ដែលនាង ហេង​ស្លាប់​នោះ​គឺ​បណ្តាល​មក​ពី​ប្រទេស​មាន​សង្រ្គាម​ចក្រពត្តិ​ទម្លាក់​គ្រាប់​បែក​ឥត​ស្រាក​ស្រាន្ត ឯនាងទាវ ស្លាប់ បណ្តាលមកពី សង្គម​សម័យ​នោះ​ជា​សង្គម​សក្តិភូមិ​បែង​ចែក​វណ្ណៈ​ផ្តាច់ការ​និង​មាន​ប្រពៃណី​តឹងរ៉ឹង “នំមិនធំ ជាង នាឡិ” ។

                ជា​យោ​បល់​បញ្ចប់​មតិ​ប្រធាន​មិន​ទាន់​ត្រឹម​ត្រូវ​ទេ ព្រោះ​មនុស្ស​ម្នាក់ៗកើត​មក​មាន​សិទ្ធិ​សេរី​ភាព​ស្មើរ​ៗគ្នា ។បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​រៀប​ការជា​មួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ។ ក្នុង​នាម​យើង ជាមនុស្ស​​ជំនាន់​ក្រោយ​ត្រូវ​ចេះ​ប្រើ​សិទ្ធិ​ខ្លួន​ឯង ព្រម​ទាំង​ចេះ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​គិត​ពិចារណា​ឲ្យ​ បានគ្រប់ ជ្រុង​ជ្រោយ​មុន​នឹង​ធ្ចើអ្ចីមួយ។ប៉ុន្តែ​សូម​កុំ​ប្រើ​សិទ្ធិ​ហួស​ហេតុ​ពេក​ត្រូវ​ចេះ​រក្សា​ ប្រពៃ​ណី​ខ្មែរ​ផង ទើប​​វប្បធម៌​យើង នៅ​ស្ថិត​ស្ថេរ​ជាអមតៈ។

ដកស្រង់ចេញពី: គង់​ សុខហេង.២០១២.វិញ្ញាសារអក្សរសាស្រ្តខ្មែរភាគ២

បញ្ចេញមតិ