ភ្លេង​បុរាណ​ខ្មែរ

ប្រធាន៖ គេ​ពោល​ថា “ភ្លេង​បុរាណ​ខ្មែរ​រក្សា​នូវ​អត្ត​សញ្ញាណ​ជាតិ​របស់​ខ្លួន​ជា​និច្ច​រហូត​ដល់​បច្ចុ​ប្បន្ន​នេះ”​។ ចូរ​ពន្យល់​ដោយ​លើក​ឧទា​ហរណ៍​មក​បញ្ជាក់​។

សេចក្ដីអធិប្បាយ

          ខ្មែរ​មាន​អត្ត​សញ្ញាណ​ជាតិ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់​និង​កោត​សរ​សើរ​មិន​ដាច់​ពី​មាត់​។ ក្នុងនោះ​​ភ្លេង​បុរាណ​ក៏​ជា​ផ្នែក​មួយ​នៃ​អត្ត​សញ្ញាណ​ជាតិ​ដែរ ដែល​ធ្វើ​ឲ្យ​មជ្ឈ​ដ្ឋាន​អន្តរ​ជាតិ​ទទួល​ស្គាល់​និង​ឲ្យ​តម្លៃ​ខ្ពស់កត្តា​​នេះ​ហើយ​ទើ​បមាន​ទស្សនៈ​មួយ​លើក​ឡើង​ថា “ភ្លេង​បុរាណ​ខ្មែរ​រក្សា​នូវ​អត្ត​សញ្ញាណ​ជាតិ​របស់​ខ្លួន ជា​និច្ច រហូត​ដល់​បច្ចុប្បន្ន​នេះ”។

     តើ​មាន​ចំណុច​ត្រង់​ណា​ខ្លះ​ដែល​បញ្ជាក់​ថា​ភ្លេង​បុរាណ​ខ្មែរ​រក្សា​បាន​នូវ អត្ត​សញ្ញាណជាតិ​របស់​ខ្លួន?

          ដើម្បី​ជា​ជំនួយ​ដល់​ការ​បក​ស្រាយ​ទស្សនៈ ប្រធាន​ខាង​លើ​ឲ្យ​បាន​ច្បាស់​លាស់ ជា​ដំបូង​យើង​គួរ យល់ន័យ​នៃ​ពាក្យ​ថា​ “ភ្លេង​បុរាណ​ខ្មែរ” ​និង “អត្ត​សញ្ញាណ​ជាតិ​ខ្មែរ” ជា​មុន​សិន​។ ភ្លេង​បុរាណខ្មែរ​ជា​សិល្បះ​សម្រាប់ បង្កើត​បរិយា​កាស​រីករាយ ពី​សម័យ​ដើម​របស់​ខ្មែរ។ ​ឯ​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​គឺ​ជាគ្រឿង សំគាល់​ជាតិ​ខ្មែរ តម្លៃ វប្ប​ធម៌​ពិត​នៃ​ជាតិ​ដែល​ទាក់​ទង​នឹង​ជីវិត​រស់​នៅ ចរិក​លក្ខណៈ​របស់​ជាតិ​។​ដូច​នេះ​ប្រធាន​ខាង​លើ​ចង់​ឲ្យ​យើង​ស្រា​យ​បញ្ជាក់​ថា សិល្បះ​ភ្លេង​របស់​ខ្មែរ​កាល​ពី​សម័យ​ដើម​ជា​គ្រឿង​សំគាល់​របស់​ជាតិ​ខ្មែរ។

          បុព្វ​បុរស​ខ្មែរ​បាន​បន្សល់​ទុក​ភ្លេង​បុរាណ​ជា​ច្រើន​ប្រភេទ​សម្រាប់​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​យក​ទៅ​ប្រគុំ​កំដរក្នុង​ពិធី​បុណ្យ​ផ្សេងៗ​។ ភ្លេង​បុរាណ​ខ្មែរ​មាន​ជា​ច្រើន​ដូច​ជា​ភ្លេង​ពិណពាទ្យ ភ្លេងខ្មែរ ភ្លេងខ្លងខែក ភ្លេងអារក្ស ភ្លេងមហោរី ភ្លេងឆៃយ៉ាំ ភ្លេងយីកេ ភ្លេងបាសាក់។ល។ ភ្លេង​ទាំង​អស់​នេះ​សម្រាប់​យក​ទៅ​ប្រគុំ​ក្នុង​ពិធី​បុណ្យ ផ្សេង​ៗគ្នា សម្រាប់​ថែរ​ក្សា​បាន​នូវ​អត្ត​សញ្ញាណ​ជាតិ។ ភ្លេង​បុរាណ​ខ្មែរ​បាន​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ទៅ​នឹង​ជំនឿ ប្រពៃ​ណី ទំនៀម​ទំលាប់ សាសនា ក៏​ដូច​ជា​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​។ ដោយ​ឡែក​ភ្លេង​ពិណពាទ្យ សម្រាប់​បម្រើ​សង្គម​ខ្មែរ​តាម​រយៈ​ព្រះ​ពុទ្ធ​សាសនា ​មាន​បុណ្យ​កឋិន បុណ្យ​បញ្ចុះ​សពបុណ្យ​បំបួស​នាគ…។ ភ្លេង​ប្រពៃ​ណី ឬ​យើង​ហៅ​ថា​ភ្លេងខ្មែរ ឬភ្លេងការ ជា​ភ្លេង​មង្គល​ដែល​ប្រជា​ជន​មាន​ជំនឿ​ថា​ផ្តល់​នូវ​សេរី​សួស្តី​ជាង​ គេ។ គេ​លេង​ភ្លេង​នេះ​កំដរ​នៅ​ក្នុង​ពិធី​រៀប​ចំ​មង្គល​ការ​កូន​ចៅ​ខ្មែរ។ ភ្លេង​ខ្លង​ខែក​ជា​ភ្លេង​ស្រងេះ​ស្រងោច កំសត់​សម្រាប់​លេង​កំដរ​ក្នុង​ពិធី​ដង្ហែសព។ ភ្លេង​អារក្ស​ជា​ភ្លេង​ប្រគុំ​ក្នុង​ពិធី​បញ្ចូល​ខ្មោច បិសាច អារក្ស អ្នកតាភ្លេង​មហោ​រីសម្រាប់​កំដរ​ល្ខោន​មហោរី​។ ជា​តន្ត្រី​តំណាង​ជីវិត​ពិត​របស់​ខ្មែរ។ ​ភ្លេង​ឆៃ​យ៉ាំជា​ភ្លេង​រីក​រាយ​ជាងគេ គេ​លេង​កំដរ​ក្នុង​ពិធី​បុណ្យ​កឋិន បុណ្យ​ផ្កា បុណ្យ​បំបួស​នាគ​ជា​ដើម។ ភ្លេង​ទាំង​អស់​នេះ​សុទ្ធ​តែ​បាន​រក្សា​នូវ​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ។

     ប៉ុន្តែ​ភ្លេង​ទាំង​នេះ​បាន​រក្សា​នូវ​អត្ត​សញ្ញាណ​ជាតិ​របស់​ខ្លួន​រហូត​ដល់​បច្ចុ​ប្បន្ន​អាស្រ័យ​លើ​ជាតិ​ខ្មែរ​យើង​ស្គាល់​ឧប​ករណ៍ និង​វង់​ភ្លេង​របស់​ខ្មែរ​ច្បាស់​លាស់ ហើយ​ត្រូវ​ចេះ​ស្រលាញ់​និង​ថែ​រក្សា ឧបករណ៍ បទ​ភ្លេង​និង ទំនុក​ច្រៀង​ខ្មែរ​ឲ្យ​បាន​គង់​វង្ស​។ ម៉្យា​ង​វិញ​ទៀត​កុំ​ឈ្លក់​វង្វេង​នឹង​ទំនុក​ច្រៀង​បរទេស​ដែល កំពុង តែ​សម្បូរ​បែប ហើយ​ហូរ​ចូល​យ៉ាង​គំហុក​មក​ស្រុក​ខ្មែរ។ បន្ថែម​ពី​នេះ​ដែរ​ការ​ប្រើ​ប្រាស់​ភ្លេង​ខ្មែរ​ក៏​ត្រូវ​ចេះ​ប្រើ​ប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​បរិ​យា​កាស…។

          សរុប​សេចក្តី​មក ភ្លេង​បុរាណ​ខ្មែរ​ពិត​ជា​រក្សា​បាន​នូវ​អត្ត​សញ្ញាណ​ជាតិ​របស់​ខ្លូន​ជា​និច្ច រហូត​ដល់ បច្ចុ​ប្បន្ននេះ​ប្រាក​ដមែន ហើយ​វា​ស្ថិត​នៅ​ជាមួយ​ប្រជា​ជន​ខ្មែរ​គ្រប់​ភូមិ​ស្រុក។

          ឆ្លង​តាម​ការ​បក​ស្រាយ​ខាង​លើ​មក យើង​អាច​វាយ​តម្លៃ​ប្រធាន​បាន​ថា​ពិត​ជា​ត្រឹម​ត្រូវ​សម្រាប់​លើក​កំពស់វប្ប​ធម៌​អរិយ​ធម៌​ខ្មែរ​ឲ្យ​មាន​រស្មី​រុង​រឿង​ជា​និច្ច​និរន្តរ៍។ ដូចនេះ​យើង​ត្រូវ​ពួត​ដៃ​គ្នា ថែ​រក្សា​ការពារ​សម្បត្តិ​វប្បធម៌ ជាតិ​ឲ្យ​បាន​គង់​វង្ស ទុក​ឲ្យកូន​​ចៅ​​ជំនាន់​ក្រោយ​ឲ្យ​បាន​យូរអង្វែង​តរៀង​ទៅ។

ដកស្រង់ចេញពី: គង់ សុខហេង.២០១២.វិញ្ញាសាអក្សរសាស្រ្តខ្មែរភាគ២
ចម្លងពី http://www.elearning-kh.com

បញ្ចេញមតិ